វិបតិ្តជំងឺកូវីដ-19 ឆ្លងរាលដាលជាសាកល កំពុងបង្កផលប៉ះពាល់ធ្ងន់ធ្ងរមកលើសុខភាពផ្លូវចិត្តរបស់យើង ហើយ ក្មេងជំទង់មានភាពងាយរងគ្រោះជាពិសេស។ ដោយសារខួរក្បាលរបស់ក្មេងជំទង់កំពុងលូតលាស់ ហើយពួកគេពុំទាន់មានបទពិសោធន៍ច្រើនក្នុងជីវិត ដូច្នេះ រាល់ផ្លូវអារម្មណ៍ដែលពួកគេមាន ដូចជា អារម្មណ៍សោកសៅ ខឹងសម្បា តានតឹង និងឯកោ មានកម្រិតកាន់តែខ្លាំងថែមទៀត។ ហើយការស្រាវជ្រាវបង្ហាញឲ្យឃើញថា ក្នុងអំឡុងពេលមានវិបតិ្តជំងឺកូវីដ-19 ឆ្លងរាលដាលជាសាកលនេះ ក្មេងជំទង់មានលទ្ធភាពខ្ពស់អាចនឹងបញ្ចេញនូវរោគសញ្ញាជំងឺបាក់ទឹកចិត្ត ឬភ័យខ្លាច ក្នុងកម្រិតពីមធ្យមទៅធ្ងន់ធ្ងរ (Mental Health America)។ ចំនួនក្មេងជំទង់លើសពីពាក់កណ្តាល បានរាយការណ៍ពីគំនិតចង់ធ្វើអត្តឃាត ឬបង្ករបួសលើខ្លួនឯង ក្នុងខែកញ្ញា ឆ្នាំ 2020 (Mental Health America)។
ដំណឹងល្អគឺថា មាតាបិតា និងមនុស្សពេញវ័យជាទីទុកចិត្តផ្សេងទៀត អាចជួយដោះស្រាយបាន។
ដឹងពីសញ្ញាផ្សេងៗ
ជំហានដំបូង គឺត្រូវសម្គាល់ពីសញ្ញាផ្សេងៗ។ ក្មេងជំទង់ម្នាក់ៗ មានលក្ខណៈខុសៗគ្នា ហើយក្មេងជំទង់ឆ្លើយតបខុសៗគ្នាចំពោះព្រឹត្តការណ៍ដែលប៉ះទង្គិចខ្លាំង។ ការឆ្លើយតប អាចមានដូចជា “ការសម្តែងចេញ” និង “ការលាក់ទុកក្នុងចិត្ត”។ “ការសម្តែងចេញ” អាចរួមមាន ការប្រថុយ ដូចជា ការប្រើប្រាស់ថ្នាំញៀន ការវាយតប់គ្នា ឬការមិនគោរពតាមគោលការណ៍ណែនាំសុវត្ថិភាពស្តីពីជំងឺកូវីដ-19។ “ការលាក់ទុកក្នុងចិត្ត” អាចធ្វើឲ្យកូនវ័យជំទង់របស់អ្នកដកថយ ហាក់បីដូចជា មិនខ្វល់អ្វីឡើយ ឬចង់នៅតែឯងញឹកញាប់ជាងមុន (Washington State Department of Health)។ ការឆ្លើយតបទូទៅផ្សេងទៀតរបស់ក្មេងជំទង់ ក្នុងអំឡុងគ្រោះមហន្តរាយ រួមមាន៖
- ការព្រួយបារម្ភ
- ភាពសោកសៅ
- វិប្បដិសារី ខឹងសម្បា ភ័យខ្លាច និងបាក់ទឹកចិត្ត
- ភ័យខ្លាចថា គ្មានអនាគតសម្រាប់ពួកគេ
- ការផ្លាស់ប្តូរឥរិយាបថក្នុងសង្គម ដូចជា មិនជួបមិត្តភ័ក្តិ ឬផ្លាស់ប្តូរមិត្តភ័ក្តិ
- ធ្វើឲ្យរវល់ដើម្បីជៀសវាងបញ្ហាផ្លូវអារម្មណ៍
- ការពិសារគ្រឿងស្រវឹង ឬប្រើប្រាស់ថ្នាំញៀន
វិធីជួយដោះស្រាយ
ក្នុងនាមជាមាតា/បិតា អ្នកគឺជាបុគ្គលមានឥទិ្ធពលខ្លាំងបំផុតក្នុងជីវិតរបស់កូនវ័យជំទង់របស់អ្នក។ មិនថាពួកគេទទួលស្គាល់ ឬអត់ទេ!
ក្មេងជំទង់អាចមានអារម្មណ៍កាន់តែឯកោក្នុងអំឡុងពេលវេលាដ៏ពិបាកនេះ។ ដោយមិនបានសិក្សាដោយផ្ទាល់នៅសាលារៀន មិនបានជួបមិត្តភ័ក្តិ ឬមិនបានលេងកីឡា ពួកគេមិនមានជំនួយ ដែលពួកគេធ្លាប់មានពីមុននោះទេ។ នោះជាមូលហេតុ ដែលការជជែកជាមួយកូនវ័យជំទង់របស់អ្នក គឺជារឿងសំខាន់ណាស់។ ខាងក្រោម គឺជាវិធីផ្សេងៗ ដែលអ្នកអាចជួយដោះស្រាយបាន (Washington State Department of Health)៖
- ធ្វើជាគំរូក្នុងការថែទាំខ្លួនឯង និងជជែកអំពីអារម្មណ៍ផ្ទាល់ខ្លួនរបស់អ្នកក្នុងអំឡុងគ្រោះមហន្តរាយនេះ។
- លើកទឹកចិត្តក្មេងជំទង់ឲ្យសម្តែងចេញនូវគំនិត និងអារម្មណ៍របស់ខ្លួន។ ជួយពួកគេក្នុងការកំណត់ និងគ្រប់គ្រងលើអារម្មណ៍ទាំងនេះ។
- រំឭកប្រាប់ពួកគេថា មិនមែនមានតែពួកគេទេដែលមានអារម្មណ៍បែបនេះ ហើយឥឡូវនេះ បើមានអារម្មណ៍មិនល្អ ក៏មិនអីដែរ។
- លើកទឹកចិត្តក្មេងជំទង់ឲ្យមើលថែទាំខ្លួនឯង និងអនុវត្តនូវវិធីដែលជួយដល់សុខភាព ដើម្បីដោះស្រាយអារម្មណ៍តានតឹង ដូចជា ការហាត់ប្រាណ ការធ្វើសមាធិ ការចេញទៅក្រៅ ឬធ្វើសកម្មភាពណា ដែលធ្វើឲ្យសប្បាយចិត្ត ឬស្ងប់ចិត្ត។ ក្មេងជំទង់អាចរកបាននូវគំនិតផ្សេងៗនៅ You Can។
- ពិភាក្សា (តែមិនប្រដៅទេ) អំពីគ្រោះថ្នាក់ដោយសារវិធីដោះស្រាយដែលប៉ះពាល់ដល់សុខភាព ដូចជា៖
- ការពិសារគ្រឿងស្រវឹង ឬប្រើប្រាស់ថ្នាំញៀន
- ការធ្វើសកម្មភាពហិង្សា ឬខុសច្បាប់
- ការមានទំនាក់ទំនងដែលប៉ះពាល់ដល់សុខភាព
- ពិភាក្សាអំពីសារៈសំខាន់នៃការសេពគប់មិត្តភ័ក្តិដែលជួយក្នុងការធ្វើសេចក្តីសម្រេចផ្សេងៗដែលល្អប្រសើរ។ លើកទឹកចិត្តដល់ការកសាងទំនាក់ទំនងជាមួយគ្រួសារ និងមិត្តភ័ក្តិ។
- អនុញ្ញាត និងលើកទឹកចិត្តពួកគេឲ្យជួយអ្នកផ្សេងទៀតឆ្លងកាត់ពេលវេលាដ៏ពិបាកនេះ។ ឧទាហរណ៍ ពួកគេអាចជួយចាប់ផ្តើមរៀបសួនច្បារ រើសសំរាម រៀបចំសកម្មភាពសម្រាប់ក្មេងតូចៗ ឬជួយអ្នកជិតខាងទិញគ្រឿងឧបភោគ។
- ពិភាក្សាជាមួយក្មេងជំទង់អំពីអនាគតរបស់ពួកគេ។ ឧទាហរណ៍ សួរថា “តើកូនចង់ធ្វើអ្វីនៅឆ្នាំក្រោយ ឬ 5 ឆ្នាំទៀត?” “តើកូនអាចធ្វើអ្វីខ្លះឥឡូវនេះ ដើម្បីជួយសម្រេចគោលដៅនោះ?” “តើមានវិធីអ្វីដែលប៉ាម៉ាក់អាចជួយកូនឆ្ពោះទៅសម្រេចគោលដៅនោះបានដែរឬទេ?”
- ចាប់ផ្តើមការសន្ទនាជាមួយកូនវ័យជំទង់របស់អ្នក តាមរបៀបដែលសប្បាយរីករាយ និងសកម្ម ដោយប្រើហ្គេម Truth or Challenge game នេះ។
ទទួលបានជំនួយ
Teen Link៖ ពេលខ្លះ កូនវ័យជំទង់របស់អ្នក អាចយល់ថាការពិភាក្សាជាមួយមនុស្សដែលមានឋានៈស្មើគ្នាគឺមានភាពងាយស្រួលជាង។ មិនអីទេ! មានខ្សែទូរស័ព្ទជំនួយដែលឥតគិតថ្លៃ និងរក្សាការសម្ងាត់ ដែលបម្រើសេវាដោយក្មេងជំទង់ដែលមានការបណ្តុះបណ្តាល ចាប់ពីម៉ោង 6 ដល់ម៉ោង 10 p.m. PT។ កូនរបស់អ្នកអាចពិភាក្សាជាមួយបុគ្គលិកអំពីអ្វីក៏ដោយដែលពួកគេមាននៅក្នុងចិត្ត។ សូមលើកទឹកចិត្តកូនរបស់អ្នក ឲ្យហៅទូរស័ព្ទ ផ្ញើសារជាអក្សរ ឬជជែកមកលេខ 1-866-TEENLINK (833-6546)។ បើអ្នកចង់ជជែកមុន អ្នកអាចជជែកជាមួយអ្នកស្ម័គ្រមុនកូនរបស់អ្នក។ អ្នកក៏អាចទាក់ទងមកខ្សែទូរស័ព្ទជំនួយបាន ដើម្បីពិភាក្សាពីក្តីកង្វល់ផ្សេងៗអំពីកូនរបស់អ្នកដែលកំពុងប្រើប្រាស់ថ្នាំញៀន ឬពិសារគ្រឿងស្រវឹង។
Washington Listens៖ ក៏មានជំនួយសម្រាប់អ្នកផងដែរ។ សូមហៅទូរស័ព្ទមកលេខ 1-833-681-0211 ឬ ចូលទៅកាន់ WAlistens.org ដើម្បីទទួលបានជំនួយដែលឥតគិតថ្លៃ និងដែលមិនបញ្ចេញឈ្មោះ។ Washington Listens ផ្តល់ជំនួយដល់អ្នកទាំងឡាយ ដែលមានភាពសោកសៅ ភ័យខ្លាច ឬតានតឹងក្នុងចិត្ត ដោយសារជំងឺកូវីដ-19។ មានបុគ្គលិកបម្រើការពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ ពីម៉ោង 9 a.m. ដល់ 9 p.m. PT និងនៅថ្ងៃចុងសប្តាហ៍ពីម៉ោង 9 a.m. ដល់ 6 p.m. PT។ មានបម្រើជូននូវសេវា TSR 711 និងផ្តល់ជូននូវជំនួយបកប្រែភាសា។
ត្រូវចងចាំថា មិនអីទេក្នុងការទាក់ទងរកជំនួយ។ កូនវ័យជំទង់របស់អ្នកកំពុងមើលពីរបៀបដែលអ្នកដោះស្រាយភាពតានតឹងក្នុងចិត្ត។ ស្វែងរកវិធីដោះស្រាយដែលជួយដល់សុខភាព និងធ្វើការទាក់ទង ពេលអ្នកត្រូវការជំនួយ គឺជាសកម្មភាពវិជ្ជមាន សម្រាប់អ្នក និងកូនជំទង់របស់អ្នករៀនសូត្រតាម។
មានតែអ្នកទេដែលស្គាល់ពីកូនវ័យជំទង់របស់អ្នកច្បាស់បំផុត ហើយអ្នកអាចជួយពួកគេបាន ក្នុងអំឡុងពេលវេលាដ៏លំបាកនេះ។ រួមគ្នា អ្នកទាំងពីរកាន់តែរឹងមាំ។ ហើយប្រសិនបើអ្នកត្រូវការជំនួយ សូមទាក់ទងមក!